ផលប៉ះពាល់​១០យ៉ាង​របស់​ថ្នាំ​គ័រទីកូអ៊ីត(Corticoid)

មានមនុស្សមួយចំនួនមិនបានដឹងទេថា ផលិតផល(ឱសថ លាប លេប ចាក់ និងគ្រឿងសម្អាង) មួយភាគធំដែលកំពុងតែប្រើប្រាស់រៀងរាល់ថ្ងៃនេះមានផ្ទុកទៅដោយជាតិថ្នាំ គ័រទីកូអ៊ីត ដែលមានផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ជាច្រើនប្រការ។ ទោះបីជា ការប្រើនោះជារូបភាពអ្វីក៏ដោយ វានឹងមានផលប៉ះពាល់គ្រាន់តែយូរ ឬឆាប់ ទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំពពួកគ័រទីកូអ៊ីត នេះ។ លោកអ្នកពិតជាមិនដឹងទេថា ពពួកថ្នាំគ័រទីកូអ៊ីតនេះស្ថិតនៅក្នុងថ្នាំអ្វីខ្លះនោះទេ ហើយវាមានផលអាក្រក់អ្វីខ្លះនោះទេ។

គ័រទីកូអ៊ីត ជាអ្វី?

គ័រទីកូអ៊ីត ជាថ្នាំប្រភេទអ័រម៉ូនម្យ៉ាងដែលបញ្ចេញដោយក្រពេញសៀរ៉េណាល់ឬក្រពេញលើ តម្រង់នោម ដែលស្ថិតនៅពី លើតម្រងនោមរបស់មនុស្ស។ ហើយគេផលិតជាឱសថគ័រទីកូអ៊ីតសំយោគដាក់លក់សម្រាប់គ្រូពេទ្យប្រើប្រាស់ សម្រាប់ជំនាញចាំបាច់។ ថ្នាំដែលជាប្រភេទគ័រទីកូអ៊ីត ឬថ្នាំដែលមានលាយជាមួយគ័រទីកូអ៊ីតមានដូចជា ៖

  • ថ្នាំចាក់ ៖ ឌិចសាមេតាសូន កេណាគ័រ កេអ័ត ទ្រីអំមេណូឡូន។ល។
  • ថ្នាំគ្រាប់ ៖ ប្រេនីសូឡូន ឌិចសា ថ្នាំឈុត៣ពណ៌ ឈុត៥ពណ៌ ថ្នាំសញ្ញាព្រួញជាដើម។
  • ថ្នាំលាប ៖ គ័រទីប៊ីយ៉ុង អ៊ិចឡែតតូឌែម ត្រចៀកកាំ សេឡេសលឿង សេឡេសបៃតង….។ល។

ប្រភេទថ្នាំទាំងនេះបើយើងប្រើខុសទិសដៅ វានឹងបង្កនូវផលប៉ះពាល់តិច ឬច្រើនទៅតាមកម្រិត និងរយៈពេលនៃការ ប្រើប្រាស់របស់វា។

ផលប្រយោជន៍របស់ថ្នាំគ័រទីកូអ៊ីត

ធម្មតាពាក្យថាឱសថគឺជាអាវុធមុខពីរ វាអាចសម្លាប់យើង និងអាចធ្វើឱ្យយើងរស់រានមានជីវិតបាន អាស្រ័យទៅលើការ ប្រើប្រាស់របស់មនុស្ស។ ថ្នាំប្រភេទគ័រទីកូអ៊ីតនេះក៏មានផលប្រយោជន៍ច្រើនយ៉ាង វាមានប្រសិទ្ធភាពខ្ពស់ នៅពេលប្រើថ្នាំនោះ ភ្លាមៗក្នុងការព្យាបាលជម្ងឺអ្វីមួយរបស់អ្នកជម្ងឺតែម្ដង។ ថ្នាំទាំងនោះរួមមានទាំងថ្នាំសម្រាប់លាប ថ្នាំចាក់ និងជាប្រភេទថ្នាំលេប ដែលភាគច្រើននាំចូលពីប្រទេសភាគខាងលិច។ គ័រទីកូអ៊ីតដែលបានផ្សំជាមួយប្រភេទថ្នាំផ្សំផ្សេងៗឱ្យទៅជាថ្នាំ ផ្សេងមួយទៀតនោះ មានដូចជាថ្នាំដែលធ្វើឱ្យអ្នកជម្ងឺបាយបាន សម្រាន្ដលក់ស្រួល ថ្នាំប្រភេទបំបាត់ការឈឺចាប់ បំបាត់អាការហើម បាត់រមាស់ ធ្វើឱ្យស្រួលក្នុងខ្លួន មានអារម្មណ៍ស្រស់ថ្លាជាដើម។ ថ្នាំប្រភេទនេះជាថ្នាំដែលគេប្រើសម្រាប់លាបលើស្បែក លាបធ្វើឱ្យស្បែកមុខសរលោង បំបាត់មុនមួយរយៈពេលខ្លី បំបាត់ការរមាស់ បំបាត់ជាំលើស្បែក ធ្វើឱ្យអ្នកលាបចូលចិត្ដលាបតទៅទៀត ភាគច្រើនមានប្រភេទសារជាតិគ័រទីកូអ៊ីតទាំងអស់ ដែលធ្វើឱ្យអ្នកប្រើអាចទទួលបាននូវផលអាក្រក់បាននៅពេលក្រោយការ ប្រើប្រាស់។

ផលប៉ះពាល់របស់ថ្នាំគ័រទីកូអ៊ីត

ប្រភេទថ្នាំគ័រទីកូអ៊ីតនេះ គ្រូពេទ្យមិនសូវឱ្យអ្នកជម្ងឺប្រើប្រាស់ប៉ុន្មានទេ ដោយវាមានផលប៉ះពាល់ច្រើនទៅលើអ្នកជម្ងឺ។ លុះត្រាតែគ្រូពេទ្យដឹងអំពីអាការរោគរបស់អ្នកជម្ងឺបានពិតប្រាកដ ទើបអនុញ្ញាតឱ្យប្រើ ឬករណីពិសេសណាមួយដែលចាំបាច់ត្រូវឱ្យ អ្នកជម្ងឺប្រើដោយខានមិនបាន(អ្នកជម្ងឺជិតអស់ជីវិត)។ តាមពិតផលប៉ះពាល់របស់ថ្នាំគ័រទីកូអ៊ីតសំយោគ វាមានច្រើនជាង១០យ៉ាង ទៅទៀត ប៉ុន្ដែពេលនេះយើងនឹងលើកមកនិយាយតែផលប៉ះពាល់ដែលសំខាន់ប៉ុណ្ណោះ ដែលសរុបមកមានចំនួន១០យ៉ាងដែលនឹងរៀបរាប់ដូចខាងក្រោមនេះ។

1 . ធ្វើឱ្យអ្នកប្រើប្រាស់ធាត់ ឡើងទម្ងន់ ដោយសារតែអ្នកជម្ងឺពិសាបាយបាន គេងលក់ស្រួល និងធ្វើឱ្យដក់ជាតិទឹកនៅ ចន្លោះកោសិកានៅខាងក្រោមស្បែករបស់អ្នកជម្ងឺ ធ្វើឱ្យស្បែកឡើងតឹងណែន ប៉ោង មុខឡើងមូលដូចជាព្រះច័ន្ទជាដើម។

2 . ធ្វើឱ្យមានបម្រែបម្រួលជាតិស្ករ ជាតិសាច់ កាល់ស្យូម ប៉ូតាស្យូមនៅក្នុងឈាម។ មានការប្រែប្រួល ដូចជាជាតិស្ករ នៅក្នុងឈាមមានការកើនឡើងច្រើន ដែលវាជាទិសដៅមួយដែលជំរុញឱ្យអ្នកប្រើប្រាស់នោះវិវឌ្ឍន៍ទៅជាមានជម្ងឺ ទឹកនោមផ្អែម។ វាអាចធ្វើឱ្យបាត់បង់ជាតិប៉ូតាស្យូមនៅក្នុងឈាម ដែលបណ្ដាលឱ្យអ្នកប្រើប្រាស់មានការហត់នឿយ ឆាប់អស់កម្លាំង។ មួយវិញទៀត ធ្វើឱ្យខ្វះជាតិកាល់ស្យូមនៅក្នុងឆ្អឹង ធ្វើឱ្យឆ្អឹងងាយពុកផុយ ងាយទទួលរងការបាក់បែក និងធ្វើឱ្យបង្អាក់ការលូតលាស់របស់ក្មេង ដែលស្ថិតនៅក្នុងវ័យមួយកំពុងលូតលាស់(បើក្មេងមានការប្រើប្រាស់ប្រភេទ ថ្នាំនេះ)។

3 . ធ្វើឱ្យមានផលប៉ះពាល់ទៅដល់ប្រដាប់រំលាយអាហារ ធ្វើឱ្យឈឺក្រពះ រលាកក្រពះ និងករណីធ្ងន់ធ្ងរអាចធ្វើឱ្យធ្លាយ ក្រពះ ហូរឈាមក្នុងក្រពះបានទៀតផង។

4 . ធ្វើឱ្យខូចចិត្ដសាស្ដ្ររបស់មនុស្ស ធ្វើឱ្យមនុស្សដែលបានប្រើប្រភេទថ្នាំគ័រទីកូអ៊ីតនេះហើយ ទៅជាមានអារម្មណ៍ សប្បាយរីករាយ គ្មានទុក្ខព្រួយ បាត់ការឈឺចាប់ក្នុងខ្លួនទាំងអស់។ ប៉ុន្ដែអារម្មណ៍ទាំងនោះធ្វើឱ្យអ្នកជម្ងឺភ្លេចពីអាការឈឺចាប់ទាំង ឡាយនៅក្នុងខ្លួន ធ្វើឱ្យគ្រូពេទ្យពិបាកក្នុងការធ្វើរោគវិនិច្ឆ័យចំពោះរោគជម្ងឺ ដែលអ្នកជម្ងឺកើត ធ្វើឱ្យមានគ្រោះថ្នាក់ទៅថ្ងៃបន្ទាប់ ដោយមិនដឹងខ្លួន។

5 . ធ្វើឱ្យកើតឡើងនៃការបង្ករោគមួយចំនួន ចំពោះរាងកាយយើងដែលតែងតែមានមេរោគនៅជាប់នឹងខ្លួន ដូចជាពពួក បាក់តេរី វីរុសមួយចំនួន ឬពពួកផ្សិតជាដើម។ កាលណាប្រើពពួកថ្នាំដែលមានជាតិគ័រទីកូអ៊ីតនោះភ្លាម ពពួកមេរោគអស់ទាំងនោះនឹង មានការកកើតឡើង រីករាលដាលកាន់តែច្រើនឡើង ដោយសារតែជាតិថ្នាំគ័រទីកូអ៊ីតនោះវាទៅបំផ្លាញប្រព័ន្ធភាពស៊ាំ របស់រាងកាយ។ ញ៉ាំបាន ដេកបានក៏ពិតមែន ប៉ុន្ដែធ្វើឱ្យខ្លួនខ្សោយ ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះថយជាដើម។

6 .មានផលប៉ះពាល់ទៅភ្នែករបស់អ្នកប្រើ អាចទៅជាភ្នែកឡើងបាយ ឬជម្ងឺក្លូកូមភ្នែកជាដើម។

7 . ធ្វើឱ្យមានផលប៉ះពាល់ទៅដល់តម្រងនោម អាចកើតជាក្រួសផ្លូវទឹកម៉ូត ធ្វើឱ្យខ្សោយតម្រងនោម។

8 . ធ្វើឱ្យស្បែកឡើងមុនច្រើន ជាពិសេសគឺនៅលើផ្ទៃមុខ លើខ្នង នៅតាមដើមដៃ រលាកស្បែកជុំវិញមាត់ និងស្បែកជុំ វិញប្រឡង់ភ្នែក។

9 . ធ្វើឱ្យស្បែកដុះរោមច្រើននៅទីកន្លែងណាដែលរាងកាយបានប្រើថ្នាំប្រភេទគ័រទីកូអ៊ីតនេះ (ជាប្រភេទលាប)។

10 . កើតសង្វារលើស្បែកគ្រប់ទីកន្លែង និងអាចបែកគ្រាប់ឈាមនៅក្រោមស្បែកទៀតផង។

ប្រការគួរចៀសវាងក្នុងការប្រើប្រាស់ថ្នាំគ័រទីកូអ៊ីត

មានប្រការមួយចំនួនដែលលោកអ្នកនាងកញ្ញាទាំងអស់គួរតែធ្វើ ដូចជាការ ប្រើប្រាស់ថ្នាំដើម្បីព្យាបាលជម្ងឺអ្វីមួយជាដើម ត្រូវមានវេជ្ជបញ្ជាពីគ្រូពេទ្យត្រឹមត្រូវ។ ការប្រើប្រាស់ថ្នាំអ្វីមួយមិនត្រូវចេះតែប្រើតាមគ្នានោះទេ ដោយសារតែអាការរោគរបស់ មនុស្សម្នាក់មិនដូចគ្នាទេ។

ដំបូន្មានអ្នកឯកទេស

មានមនុស្សមួយចំនួនមិនដឹងថាថ្នាំដែលខ្លួនប្រើប្រាស់ជាប្រចាំ នោះមានជាតិអ្វីខ្លះក្នុងនោះទេ មិនដឹងថាមានជាតិគ័រទីកូអ៊ីត ទេ ដូច្នេះការប្រើប្រាស់ថ្នាំអ្វីៗទាំងអស់ត្រូវមានវេជ្ជបញ្ជា ពីគ្រូពេទ្យឱ្យបានត្រឹមត្រូវ។ ចៀសវាងការប្រើប្រាស់ប្រភេទថ្នាំអ្វីមួយដែលមិនដឹងពីឈ្មោះ មិនដឹងពីកន្លែងផលិតច្បាស់់លាស់ និងគ្មានពេលបរិច្ឆេទកំណត់ត្រឹមត្រូវជាដើម។

About Sar Vuthy

i'm khmer

Posted on ខែកក្កដា 9, 2012, in Uncategorized. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ