ពត៌មានសង្គម និងប្រវត្តិមនុស្សល្បីៗ

អ្នកបង្កើតយូនីកូដខ្មែរ Font Khmer Unicode

ដោយសារ ពុម្ពអក្សរយូនីកូដខ្មែរ លោក យ័ញ ហុង (Danh Hong) (រូបថតខាងក្រោម) ស្ម័គ្រចិត្ដចាកចោលស្រុកកំណើត….

​​​​​​​​​318018_498384243537568_237933902_n

តើមិត្តយុវវ័យ ដែលកំពុងប្រើប្រាស់ ពុម្ពយូនីកូដខ្មែរ សព្វថ្ងៃនេះ ធ្លាប់ឆ្ងល់ទេថាតើនរណាជាអ្នកបង្កើត ? គេនោះឈ្មោះអ្វី ? មកពីណា?

អ្នកបង្កើត Font Khmer Unicode ដាក់ឲ្យយើងប្រើប្រាស់រហូតដល់សព្វថ្ងៃនេះគឺ លោក យ័ញ ហុង។ លោក យ័ញ ហុង ស្ថាបនិក និងជាអ្នករចនា (Design) ពុម្ពអក្សរយូនីកូដខ្មែរ ដែលប្រវត្តិរបស់គាត់ត្រូវបានចុះផ្សាយ នៅក្នុងទំព័របណ្ដុំប្រវត្តិបច្ចេកវិទ្យា។

ប្រវត្តិសង្ខេប៖ លោក យ័ញ ហុងកើតឆ្នាំ ១៩៧២ នៅក្នុងគ្រួសារកសិករ ខ្មែរក្រោមមួយ នាខេត្តពលលាវ នៃដែនដី កម្ពុជាក្រោម ឬ ខាងត្បូងប្រទេសវៀត ណាម សព្វថ្ងៃ ។

សមាជិកគ្រួសារ៖ ចំនួនសមាជិកក្នុងគ្រួសាររបស់លោក យ័ញ ហុង ទាំងអស់មាន ៩ នាក់ ។ លោក យ័ញ ហុង ជាកូនទី ៥។ រហូតមកដល់ពេលនេះ ឪពុករបស់ លោកមានវ័យ ៨២ ឆ្នាំហើយ ហើយ នៅតែបន្តរបរស្រែចម្ការដដែល ។

៨ ខែ ម្តាយស្លាប់ចោល៖ ក្រោយពេល លោក យ័ញ ហុង ចាប់កំណើតបានអាយុ ៨ ខែ ម្ដាយក៏បានស្លាប់ចោល ក្នុងអំឡុងសង្គ្រាមអាមេរិក វៀតណាម។ ចាប់ពីពេលនោះមក បន្ទុកថែទាំទារក ការចិញ្ចឹមបីបាច់ថែរក្សាទាំងស្រុង ត្រូវ បានធ្លាក់ទៅ លើឪពុករបស់គាត់ជាអ្នក រ៉ាប់រង។

ប្រវត្តិសិក្សា៖ បើទោះបីជាសង្គ្រាមរាតត្បាតយ៉ាងណាក៏ដោយ ក៏ឪពុករបស់លោក បានបំពេញតួនាទីយ៉ាងល្អក្នុងការបីបាច់ថែរក្សាឲ្យកូនប្រុស ដែលបាត់បង់ម្ដាយឲ្យធំដឹងក្តី។

បឋមសិក្សា៖ ឈានចូលអាយុប្រ ហែល ៨ ឆ្នាំ លោក យ័ញ ហុង ក៏បានចូលរៀនថា្នក់ទីមួយ ក្នុងសាលាបឋមសិក្សា បាហៀង (Ba Hien) ។ សម្រាប់ថ្នាក់បឋមសិក្សា នៅប្រទេសវៀតណាមគេសិក្សាត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ គឺចាប់ពីថ្នាក់ទី ១ ដល់ ថ្នាក់ទី ៥ ។

ដើររាល់ថ្ងៃ៖ ជារៀងរាល់ថ្ងៃ សិស្សកម្រិតបឋមសិក្សា យ័ញ ហុង ត្រូវចំ ណាយពេលវេលា ដើរទៅសាលាប្រមាណជាពីរគីឡូម៉ែត្រ ។

ទៅរៀនផងហាត់ប្រាណផង៖ ថ្វីត្បិតតែទៅសាលាដោយថ្មើរជើង ក៏លោក យ័ញ ហុង មិនអាក់អន់ស្រពន់ចិត្តអ្វីដែរ។ មិនតែប៉ុណ្ណោះគេបែរជាមានគំនិតក្រើនរំឮកខ្លួនឯង យ៉ាងដូច្នេះទៅវិញថា បានទៅរៀនហើយ ឆ្លៀតពេលហាត់ប្រាណដើម្បីសុខភាពទៀត។

អនុវិទ្យាល័យ៖ ចប់ថ្នាក់ទី ៥កម្រិតបឋមសិក្សា លោក យ័ញ ហុងចាប់ផ្ដើមបន្តការសិក្សា កម្រិតអនុវិទ្យា ល័យថ្នាក់ទី ៦ ។ អនុវិទ្យាល័យ និងវិទ្យាល័យដែលលោក យ័ញ ហុង បន្តការសិក្សានេះ ស្ថិតនៅឆ្ងាយពីផ្ទះបន្តិចដែលស្ថិតនៅស្រុកមួយផ្សេងទៀត គឺស្រុកឡាំងយឿ (Lang Dua) ។

វិទ្យាល័យ៖ ប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ១៩៩១ ។

ក្រោយបាក់ឌុបកាន់តែឆ្ងាយ

ក្រោយពីប្រលងបញ្ចប់សញ្ញាប័ត្របាក់ឌុបនៅឆ្នាំ ១៩៩១ លោក យ័ញ ហុង ត្រូវទៅបន្តការសិក្សាកម្រិតបរិញ្ញា បត្រនៅសាកលវិទ្យាល័យច្បាប់ នាទីក្រុងព្រៃនគរ ដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងហូជីមិញ ។ ការចាកចេញពីស្រុកកំណើតមកបន្តកម្រិតសិក្សា នេះ ដោយសារតែ កាលណោះរដ្ឋាភិបាល វៀតណាម ផ្ដល់អាហារូបករណ៍មួយឆ្នាំសំរាប់វគ្គរៀនត្រៀមប្រឡង អាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាបន្ត នៅឆ្នាំ១៩៩២ ។

អ្នកមានសមត្ថភាព ឱកាសនៅតែមាន៖ អាហារូបករណ៍ដែលរដ្ឋផ្ដល់ឲ្យនោះ មិនមែនតែឆ្នាំត្រៀមនោះទេ ។ ប្រសិនបើសិស្ស ដែលមានសមត្ថភាព និងលទ្ធភាពប្រឡងជាប់នោះ នឹងទទួលបានអាហារូបករណ៍ ពេញប្រាំឆ្នាំតែម្ដង (ពីមុនថ្នាក់បរិញ្ញាប័ត្រនៅវៀតណាមរៀន៥ ឆ្នាំ ) ។ ក្នុងនោះដែរ បញ្ជីឈ្មោះបេក្ខភាពសិស្សដែលប្រលងជាប់ក៏មានឈ្មោះ លោក យ័ញ ហុង ម្នាក់ដែរ ។

បរិញ្ញាបត្រមិនមែន IT ៖ ពេលប្រ ឡងចូលរៀនថ្នាក់បរិញ្ញាបត្រ លោក យ័ញ ហុង បានចាប់ជំនាញច្បាប់ មិនមែនរៀនជំនាញ IT ទេ ។ នេះដោយសារតែលោកស្រលាញ់ និងចង់ធ្វើការជំនាញច្បាប់ មិនដែលគិតចង់បម្រើការងារផ្នែកកុំព្យូទ័រម្ដងណាឡើយ ។ សា កលវិទ្យាល័យ ដែលលោកប្រឡងជាប់ និងត្រូវរៀនបន្តនៅទីក្រុងហូជីមិញ នេះ មានឈ្មោះថា សាកលវិទ្យាល័យច្បាប់ ។ ប្រាំមួយឆ្នាំក្នុងការចាប់យកជំនាញ គេក៏បានបញ្ចប់បរិញ្ញាបត្រច្បាប់នៅឆ្នាំ ១៩៩៧ ។

អាជីពគ្រាន់តែចាប់អារម្មណ៍ តែស្រលាញ់ច្បាប់ដដែល

កាលពីនៅជានិស្សិត ឆ្នាំទីមួយផ្នែកច្បាប់ឆ្នាំ ១៩៩២ ក្រុមហ៊ុនវៀតណាមមួយដែលមានឈ្មោះថា CINOTEC ដែលជាក្រុមហ៊ុនធ្វពុម្ព (Font) ខ្មែរ យកមកលក់ស្រុក ខ្មែរ ។ ចាប់តាំងពីពេលនោះមកលោក ក៏ចាប់អារម្មណ៍ ក្នុងការរចនាពុម្ពដែរ ប៉ុន្តែកាលនោះ អត់ទាន់ធ្វើអ្វីលេចចេញជារូបរាងនោះទេ គ្រាន់តែព្យាយាមស្វែងយល់បន្ថែម ខណៈនៅតែស្រឡាញ់ជំ នាញច្បាប់របស់ដដែល ។

ឆ្លៀតបង្រៀនក្មេងៗ៖ ពេលជាប់ឈ្មោះជានិស្សិតនៅឡើយ លោក យ័ញ ហុង តែងតែឆ្លៀតពេលទំនេររបស់គេទៅបង្រៀន កូនចៅរបស់អ្នកដែលមានលំនៅឋានក្បែរៗសាកលវិទ្យាល័យដែលគេកំពុងរៀន ដើម្បីផ្គត់ផ្គង់ការចំណាយផ្សេ ។

ការងារពិតប្រាកដ៖ រៀនចប់បរិញ្ញា បត្រឆ្នាំ ១៩៩៧ លោក យ័ញ ហុង ក៏ប្រឡងជាប់ចូលបម្រើ ការងារជំនាញច្បាប់ក្នុងស្ថាប័នរដ្ឋវៀតណាមមួយដែលមានឈ្មោះថា គណៈកម្មការជនជាតិនិងតំបន់ភ្នំរបស់រដ្ឋាភិបាល (ស្មើនឹងក្រសួងស្រុកខ្មែរ) នៅទីក្រុងព្រែកឫស្សីដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងកឹងធើ( Can THo) ។

ទទួលគម្រោងក្រៅម៉ោង៖ ទន្ទឹមគ្នានេះដែរ ដោយមើលឃើញពីសមត្ថភាពរបស់លោក យ័ញ ហុង ខាងសាកលវិទ្យាល័យក៏បានទាក់ទងគេ ឲ្យធ្វើវចនា នុក្រមវៀតណាម-ខ្មែរ ព្រោះនិស្សិតខ្មែរយើងទៅសិក្សា នៅប្រទេសវៀតណាមមានចំនួនច្រើន ទើបនាំឲ្យក្រសួងអប់រំវៀតណាម គិតគូរក្នុងការរៀបចំឲ្យមានវចនានុក្រម ពហុជាតិសាសន៍ឡើង ។ រហូតមកដល់បច្ចុប្បន្ន វចនានុក្រមដែលក្រុមរបស់លោកដែលមានគ្នាបួននាក់របស់លោក នៅតែក្រសួងអប់រំវៀត ណាមប្រើប្រាស់ ។

វត្តមានលើទឹកដីកម្ពុជា៖ លោកបានទទួលព័ត៌មានតាមប្រព័ន្ធអ៊ីនធើណិត ក្នុងការរើសបុគ្គលិកផ្នែករចនា និងបង្កើតអក្សររបស់មជ្ឈមណ្ឌលខេមរសិក្សារបស់អាមេរិកប្រចាំនៅខេត្តសៀម រាប ។ រយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០៣ ដែលបម្រើការនៅទីនោះលោកស្នាក់នៅផ្ទះជួល ។

ប្ដូរពីសៀមរាបមកភ្នំពេញ៖ រយៈ ពេលធ្វើការនៅសៀមរាប លោកបានស្គាល់ជាមួយបុរស ជនជាតិអេស្ប៉ាញកម្រិតអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូ ទ័រម្នាក់ ហើយពួកគេក៏មូលមតិគ្នាបង្កើតគម្រោង Khmer OS ស្នើទៅអង្គការ Open Forum នៅ ឆ្នាំ ២០០៣ តែរហូតដល់ឆ្នាំ ២០០៤ ទើបខាងអង្គការសម្រេចទទួល ហើយក៏បន្តធ្វើការនៅ ទីនោះរហូតដល់បច្ចុប្បន្ន ។

ប្រាំឆ្នាំជាអ្នកសារព័ត៌មាន៖ ចាប់ពីឆ្នាំ ២០០៥-២០១០ លោក យ័ញ ហុងចូលបម្រើការជាអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី (RFA) ភាសាវៀតណាម ។

ប្ដូរការងារ និងទំនួលខុសត្រូវថ្មី៖ មកដល់ខែ មេសា ឆ្នាំ ២០១០ ដោយមើលឃើញពីសក្ដានុពលរបស់លោក ប្រធានគ្រប់គ្រងនៅទីនោះ បានផ្លាស់ប្ដូររូបលោក មកជាអ្នករចនាគេហទំព័រវិទ្យុអាស៊ីសេរីភាសាខ្មែរ វិញ ។

ស្នេហា៖ លោក យ័ញ ហុង ជាប់ចិត្តជំពាក់ស្នេហ៍ដកចិត្តមិនរួច ហើយសម្រេចចិត្តចូលរោងការ ជាមួយនារីខ្មែរនៅខេត្តកណ្ដាល នាឆ្នាំ ២០០៨ ។ បច្ចុប្បន្ននេះ គូស្នេហ៍មួយគូដែលមានទីកំណើតឆ្ងាយ ពីគ្នារាប់សិបគីឡូម៉ែត្រនេះ ទទួលបានកូនស្រីអាយុមួយខួប ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ។

បច្ចុប្បន្ន៖ បច្ចុប្បន្ន លោក យ័ញ ហុង មាននាទីជាអ្នកទទួលបន្ទុកផ្នែក រចនា Interface របស់គេហទំព័រវិទ្យុអាស៊ីសេរីភាសាខ្មែរ ។ ពេលវេលានៅសល់ក្រៅពីបម្រើការ នៃស្ថាប័ននេះ លោកខិតខំស្រាវជ្រាវ ពីប្រព័ន្ធអ៊ីនធើណិតផ្នែករចនាពុម្ពជាហូរហែ ។

អនាគត៖ លោកមានបំណងបង្កើតរបរផ្ទាល់ខ្លួនមួយ ប៉ុន្តែត្រូវចាំមើលលទ្ធភាពប៉ុណ្ណាសិន ប៉ុន្តែសម្រាប់អាជីវកម្មប្រភេទណានោះ លោកសូមលាក់សិន ។ ពេលដែលសួរដល់ចំនួនកូនថា តើទៅថ្ងៃមុខលោកចង់បានប៉ុន្មាននាក់ ? ប្រុសប៉ុន្មាន ? ស្រីប៉ុន្មាន ? លោកឆ្លើយថា មិនថាប្រុស ឬស្រីទេ ចំនួនកូនៗគឺអាស្រ័យលើទ្រព្យ ធន ។

ស្ថាបនិកពុម្ពអក្សរខ្មែរ មានដើមកំណើតជាខ្មែរនៅកម្ពុជាក្រោម រូបនេះ មានជំនឿយ៉ាងមុតមាំថា តទៅថ្ងៃមុខភាសាខ្មែរយើងនឹងមានឈ្មោះ និងប្រើបានយ៉ាងទូលំទូលាយនៅជុំវិញពិភពលោកជាក់ជាមិនខាន ។ ក្ដីសង្ឃឹមនេះហើយ ទើបជម្រុញឲ្យលោកចំណាយទាំងកម្លាំងកាយកម្លាំងចិត្តសម្រេចមានFont Khmer Unicode ដាក់ឲ្យប្រើប្រាស់រហូតសព្វថ្ងៃ ។ លោកសន្យាជាមួយបងប្អូនខ្មែរថា នឹងបង្កើតអ្វីដែលថ្មីៗ ដើម្បីលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសឧបករណ៍អេឡិចត្រូនិក ដូចជា Tablet ទូរស័ព្ទដៃ ឬ ឧបករណ៍ផ្សេងៗទៀតជាដើម ៕

________________________________________________________________________________________

តើលោក ថាក់ស៊ីន មានដំណើរជីវិត បែបណា?

លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា ដែលជាបងប្រុស បង្កើតរបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន បានចាប់ កំណើតក្នុងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩។ មុនពេលកាន់ដំណែង ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិឆ្នាំ២០០១ ដល់ ឆ្នាំ២០០៦ លោកធ្លាប់កាន់តួនាទីជាអ្នកនយោបាយ និងជាពាណិជ្ចករដ៏ជោគជ័យម្នាក់។ ដំណែងជានាយករដ្ឋមន្ត្រីរយៈពេល៥ឆ្នាំរបស់លោក ត្រូវបានបញ្ចប់ទៅដោយការធ្វើរដ្ឋប្រហារ។

ជីតាទួតរបស់លោកថាក់ស៊ីន មានឈ្មោះថា Seng Sae Khu ជាជនភៀសខ្លួនជនជាតិចិន ដែលបានមកដល់ទឹកដីថៃ ក្នុងទស្សវត្សន៍ឆ្នាំ១៨៦០ ព្រមទាំងបានផ្លាស់ទីទៅរស់នៅ ក្រុងឈៀងម៉ៃក្នុងឆ្នាំ១៩០៨។ ក្នុងឆ្នាំ១៩៣៨ ចៅប្រុសម្នាក់ របស់លោក Seng Sae Khu ត្រូវបានដាក់ឈ្មោះ ដោយយកលំនាំតាមជនជាតិថៃ ដោយមានត្រកូលថា ស៊ីនណាវ៉ាត្រា មូលហេតុដោយក្នុងពេលនោះ ប្រទេសថៃ មានគោលការណ៍ប្រឆាំងទៅនឹងចលនារបស់ជនជាតិចិន។ ក្រោយមកសមាជិកផ្សេងទៀត ក្នុងគ្រួសាររបស់លោក ក៏បានប្រែឈ្មោះដោយយកតាមលំនាំថៃដែរ។

លោកឪពុករបស់លោក ថាក់ស៊ីន មានឈ្មោះថា លើត ស៊ីនណាវ៉ាត្រា បានរៀបការជាមួយ នាង យីនឌី រ៉ាមិវង្ស ជាកូនស្រីរបស់ម្ចាស់ក្សត្រី ចេនធិប ណា ឈៀងម៉ៃ។ ក្នុងឆ្នាំ១៩៦៨ លោក លើត បានប្រលូកចូលក្នុងឆាកនយោបាយ ព្រមទាំងបានកា្លយជា អ្នកតំណាងមេដឹកនាំ នៃគណៈបក្សមួយ។ តែនៅក្នុងឆ្នាំ១៩៧៦ លោកបានចាកចេញពីផ្នែកនយោបាយ ដោយងាកមកចាប់អារម្មណ៍ផ្នែកជំនួញវិញម្តង។

គ្រួសារនេះ បានចាប់ផ្តើមមុខរបររកស៊ីដំបូងរបស់ខ្លួន ដោយការបើកហាងកាហ្វេ ដាំចំការក្រូច និងផ្កានៅខេត្តឈៀងម៉ៃ ព្រមទាំងបានបើករោងភាពយន្តពីរកន្លែង និងស្ថានីយឧស្ម័នមួយកន្លែងទៀត។ មិនតែប៉ុណ្ណោះ លោកក៏បានបើកកន្លែងលក់ដូររថយន្ត និងម៉ូតូទៀតផង។ ដោយសារមុខរបររបស់លោកមានការរីកចម្រើនឡើងៗ ធ្វើឲ្យគ្រួសារ ដែលជាប់ខ្សែស្រឡាយសេ្តចនេះ កា្លយជាមហាសេដ្ឋីព្រមជាមួយឥទ្ធិពលយ៉ាងសម្បើមក្នុងខេត្តឈៀងម៉ៃទាំងមូល។ តំណាលពេលដែលមុខជំនួញកំពុងទទួលបានជោគជ័យ លោក ថាក់ស៊ីន ដែលជាកូនប្រុសម្នាក់ ក្នុងចំណោមកូនៗដទៃទៀត របស់លោកបានធំធាត់ចម្រើនវ័យឡើង។

លោក ថាក់ស៊ីន បានចាប់កំណើតនៅ San Kamphaeng ហើយរស់នៅទីនោះ រហូតដល់អាយុ ១៥ឆ្នាំ។ ក្រោយមកលោកបានផ្លាស់ទៅរស់នៅខេត្ត ឈៀងម៉ៃ ដើម្បីបន្តការសិក្សាថ្នាក់វិទ្យាល័យ។ ក្នុងវ័យជាក្មេងប្រុសម្នាក់ មានអាយុត្រឹម១៦ឆ្នាំ ដោយសារតែភាពឆ្លាតវៃផ្នែកជំនួញពីកំណើត លោកអាចរួមចំណែកក្នុងការជួយសម្រាលកិច្ចការរកស៊ីក្នុងរោងភាពយន្តឪពុករបស់លោកទៀតផង។ ក្នុងនាមជាកូនប្រុសម្នាក់ នៃវង្សត្រកូលជាមហាសេដ្ឋី លោកបានរៀបការជាមួយ កូនស្រីដែលមានវង្សត្រកូលខ្ពង់ខ្ពស់ដូចគ្នាម្នាក់ ឈ្មោះថា Potjaman Damapong ក្នុងឆ្នាំ១៩៨០ ក្រោយមកអ្នកទាំងពីរមានកូនប្រុសម្នាក់ និង កូនស្រីពីរនាក់ ជាចំណងដៃអាពាហពិពាហ៍ ។

អតីតនាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់បានគ្រប់គ្រងទៅលើ ក្រុមហ៊ុន Advanced Info Service ដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត ដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសថៃ។ ដោយភាពជោគជ័យក្នុងមុខជំនួញ បានប្រែក្លាយជីវិតលោក ទៅជាមហាសេដ្ឋីម្នាក់។ ក្នុងឆ្នាំ១៩៩៤ លោក ថាក់ស៊ីន បានប្រឡូកខ្លួន ជាអ្នកនយោបាយម្នាក់ ដោយចាប់ផ្តើមជាមួយ ការធ្វើជាសមាជិករបស់គណៈបក្ស Phalang Dharma Party ។ ៤ឆ្នាំក្រោយមកបក្ស populist Thai Rak Thai (TRT) ត្រូវបានបង្កើតឡើង ដោយស្នាដៃផ្ទាល់របស់អ្នកនយោបាយក្មេងខ្ចីរូបនេះ។ បន្ទាប់ពីទទួលជោគជ័យក្នុងការបោះឆ្នោត ឆ្នាំ២០០១ លោកបានក្លាយជានាយករដ្ឋមន្ត្រីម្នាក់នៃប្រទេសថៃ។

ក្នុងជីវិតជានាយករដ្ឋមន្ត្រី លោកបានប្រើប្រាស់តួនាទីរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិនានា ដូចជាជួយសម្រាលបន្ទុកប្រជាជនក្រីក្រ ដោះស្រាយវិបត្តិកំណើនប្រជាជន ព្រមទាំងជួយកាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានេះដែរ លោកបានបង្កើតជាកម្មវិធីថែទាំ សុខភាពជាសកល (universal healthcare) ជាលើកដំបូងមួយក្នុងប្រទេសថៃ រួមជាមួយការបង្កើតយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនតែប៉ុណ្ណោះ លោកបានបង្កើតជាកម្មវិធី វិនិយោគទៅលើការ កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ប្រព័ន្ធដឹកជញ្ចូនសាធារណៈ និងព្រលានយន្តហោះ សុវណ្ណភូមិ (Suvarnabhumi Airport)។ ដោយឡែកវិបត្តិអំពើពុករលួយ បានធ្លាក់ចុះ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។

ក្នុងពេលកាន់អំណាច រដ្ឋាភិបាលលោក ថាក់ស៊ីន ត្រូវប្រឈមមុខទៅនឹង ការចោទប្រកាន់ថា ជាការគ្រប់គ្រងប្រទេសប្រកប ដោយអំពើពុករលួយ ផ្តាច់ការ ក្បត់ជាតិ បង្កជម្លោះដណ្តើមផលប្រយោជន៍ ព្រមទាំងបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។ លោកក៏ត្រូវបានចោទប្រកាន់ថា ជាមូលហេតុ នៃការគេចពន្ធ ជាអ្នកប្រមាថព្រះជេស្តា ព្រះរាជាភូមិបុល និង លក់សម្បត្តិក្រុមហ៊ុនថៃ ឲ្យអ្នកវិយោគអន្តរជាតិទៀតផង។ ស្ថាប័នឯករាជ្យ បានរិះគន់ទៅលើបទល្មើស នៃការរំលោភសិទ្ធមនុស្ស របស់លោក ថាក់ស៊ីន។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តីរូបនេះ ក៏បានរងការចោទប្រកាន់ថា បានលាក់បាំងពីចំនួនទ្រព្យសម្បត្តិរបស់ខ្លួន ក្នុងពេលដែលលោកមានអំណាចក្នុងដៃ។

ការពាក់ព័ន្ធទៅនឹងបទចោទប្រកាន់ផ្សេងៗ បណ្តាលឲ្យតំណែងជានាយករដ្ឋមន្រ្តីរបស់លោក ត្រូវប្រឈមមុខទៅនឹងភាពរង្គោះរង្គើ។

ជាក់ស្តែង បាតុកម្មក្រោមការដឹកនាំដោយក្រុមមួយដែលមាន ឈ្មោះថា ក្រុមប្រជាពលរដ្ឋ ដើម្បីប្រជាធិបតេយ្យ ដែលជនជាតិថៃ តែងឲ្យឈ្មោះថា ក្រុមអាវលឿងនោះ បានផ្ទុះឡើង ក្នុងឆ្នាំ ២០០៦ ។

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ក្រុមយោធា ដែលក្រោយមកបានហៅខ្លួនឯងថា ក្រុមប្រឹក្សា ដើម្បីសន្តិសុខជាតិ(Council for National Security) បានទទួលជោគជ័យក្នុងការផ្តួលរំលំអំណាច របស់លោកនាយករដ្ឋមន្ត្រីរូបនេះ តាមរយៈការធ្វើរដ្ឋប្រហារ ខណៈដែលលោក បានធ្វើដំណើរទៅបរទេស។ តុលាការដែល ត្រូវបានតែងតាំងដោយ ក្រុមប្រឹក្សាដើម្បីសន្តិសុខជាតិ មានបំណងរំលាយ គណបក្ស ថៃ រ៉ាក់ថៃ ដោយចោទប្រកាន់ថា បក្សនេះ បានបន្លំសន្លឹកឆ្នោត ដោយហាមឃាត់ លោក និង បណ្តាអ្នកដែលពាក់ព័ន្ធទៅនឹងបក្សនេះ មិនឲ្យលូកដៃចូលក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ។

ជាមួយគ្នានេះដែរ គណៈកម្មការត្រួតពិនិត្យទ្រព្យសម្បត្តិ បានរឹបអូសទ្រព្យសម្បត្តិរបស់លោក និងគ្រួសារ ដែលតម្លៃជាទឹកប្រាក់សរុបចំនួន ៧៦ពាន់លានបាត ដែលមានតម្លៃស្មើ ២,២ពាន់លានដុល្លារអាមេរិក។ នាយករដ្ឋមន្ត្រីត្រូវទម្លាក់ពីតំណែងរូបនេះ ត្រូវបានប្រកាសថា ជាមនុស្សដែលកាន់កាប់ទ្រព្យសម្បតិ្ត ក្នុងលក្ខណៈមិនប្រក្រតី ក្នុងអំឡុងនៃការកាន់អំណាច។ គួរបញ្ជាក់ថា មុនពេលឡើងកាន់អំណាចកាលពីឆ្នាំ២០០១ លោកថាក់ស៊ីន រួមជាមួយភរិយារបស់លោក បានប្រកាសទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់ចំនួន ១៥,១ពាន់លានបាត ។

លោក ថាក់ស៊ីនបានវិលត្រលប់មកកាន់ប្រទេសថៃវិញក្នុងឆ្នាំ២០០៨ បន្ទាប់គណបក្ស អំណាចប្រជាជន(People’s Power Party) ដែលទទួលបានការគាំទ្រពីលោក ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតក្រោយការធ្វើរដ្ឋប្រហារ។ ប៉ុន្តែបន្ទាប់ពីការធ្វើដំណើរទស្សនកិច្ចនារដូវក្តៅឆ្នាំ២០០៨ ទៅកាន់ទីក្រុងប៉េកាំង លោកមិនបានវិល ត្រលប់មកទទួលសេចក្តីប្រកាសចុងក្រោយ អំពីទោសកំហុសរបស់ខ្លួនឡើយ។ នាខែតុលា ក្នុងឆ្នាំដដែលនោះ តុលាការកំពូលថៃ បានរកឃើញទោសកំហុសរបស់លោក ព្រមទាំងបានកាត់ទោសដោយកំបាំងមុខ ដោយដាក់ពន្ធធនាគាររយៈពេល២ឆ្នាំ។

មិនយូរប៉ុន្មាន បក្ស People’s Power Party ត្រូវបានតុលាការ កំពូលថៃលុបចោល ជាថ្មីម្តងទៀត ប៉ុន្តែសមាជិកនៃបក្សនេះ បានរួមគ្នាបង្កើតបានជាបក្សថ្មីមួយ ដែលមានឈ្មោះថា បក្សភឿថៃ ដែលបក្សនេះ ក៏ទទួលបានការគាំទ្រពីសំណាក់លោក ថាក់ស៊ីនផងដែរ។ ជាមួយគ្នានេះដែរ លោកថាក់ស៊ីនក៏ជាអ្នកដែលគាំទ្រ និង ឧបត្ថម្ភរាល់ ការចំណាយរបស់ ចលនាមួយមានឈ្មោះថា ចលនាបង្រួបបង្រួមសម្រាប់ប្រជាធិបតេយ្យ ប្រឆាំងអំណាចផ្តាច់ការ (United Front for Democracy against Dictatorship) ដែលពិភពលោកបានស្គាល់ថា ជាក្រុមអាវក្រហម។ រដ្ឋាភិបាលបានដកហូត លិខិតធ្វើដំណើររបស់លោក ថាក់ស៊ីន ឆ្លើយតបតាមទោសកំហុស ដែលលោកបានដឹកនាំចលនារបស់ពួកអាវក្រហម ក្នុងឆ្នាំ២០០៩។ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១០ តុលាការកំពូលបានដកហូត ប្រាក់ចំនួន ៤៦ពាន់លានបាត ពីទ្រព្យសម្បត្តិរបស់លោក បន្ទាប់រកឃើញថា លោកមានជាប់ទាក់ទងទៅនឹងការកាន់កាប់ទ្រព្យសម្បត្តិ ច្រើនខុសពីធម្មតា។

បន្ទាប់ចាកចេញពីដំណែងជានាយករដ្ឋមន្ត្រី ប្អូនស្រីពៅរបស់លោក គឺ លោកស្រី យ៉ីងឡាក់ បានបោះជំហានចូលក្នុងឆាកនយោបាយបន្តពីបងប្រុសរបស់ខ្លួន ក្នុងឆ្នាំ២០១១ ក្នុងដំណែងជាមេដឹកនាំបក្សភឿថៃ ដែលមាននិន្នាការគាំទ្រលោក ថាក់ស៊ីន ព្រមទាំងបានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីថៃស្រីដំបូងបំផុត កាលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ៕

____________________________________________________

ខ្សែជីវិតពិត​​របស់ Steve Jobs

លោក Steve Jobs កើត​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​ឆ្នាំ ១៩៥៥ នៅ​ San Francisco រដ្ឋ​ California ហើយ​ត្រូវ​បាន​ចិញ្ចឹម​បី​បាច់​ដោយ ​Paul និង Clara Jobs​នៅ​ក្រុង Mount View ។ លោក​គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​ និង អ្នក​ឆ្នៃ​ប្រឌិត​គំនិត​ថ្មី​ម្នាក់។ លើស​ពី​នេះ លោក​គឺ​ជា​ សហ​ស្ថាបនិក​ នាយក និង​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple Inc។ Jobs ក៏​ធ្លាប់​បម្រើ​ការងារ​ជា​នាយក​ប្រតិបត្តិ​នៅ​ Pixar Animation Studios ហើយ​បាន​ក្លាយ​ជា​សមាជិក​នៅ​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន The Walt Disney នៅ​ឆ្នាំ ២០០៦ ស្រប​ពេល​ដែល​ Walt Disney ទិញ​យក Pixar។ លោក​ក៏​ធ្លាប់​​ត្រូវ​បាន​ផ្តល់​កិត្តិយស​ឲ្យ​ធ្វើ​ជា​ផលិតករ​ប្រតិបត្តិ​ សម្រាប់​រឿង Toy Story នៅ​ឆ្នាំ ១៩៩៥ ផង​ដែរ។

នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៧០ Jobs ជា​មួយ​សហ​ស្ថាបនិក​ផ្សេង​ទៀត​របស់​ Apple លោក Steve Wazniak, Mike Markkula បាន​រចនា​ បង្កើត​ និង​ស្វែង​រក​ទីផ្សារ​សម្រាប់​គ្រួសារ​កុំព្យូទ័រ Apple II Series។ នៅ​ដើម​ទសវត្ស​ឆ្នាំ ១៩៨០ Jobs បាន​ឃើញ​ពី​សក្ដានុពលរបស់​ User Interface ដែល​អាច​បញ្ជា​ដោយ​ប្រើ Mouse និង​បាន​ឈាន​ទៅ​បង្កើត Macintosh។

បាត់​បង់​អំណាច​ពី​ក្រុមប្រឹក្សាភិបាល

នៅ​ឆ្នាំ ១៩៨៤ Steve Jobs បាន​បាត់​បង់​អំណាច​ពី​ក្នុង​ក្រុមប្រឹក្សា​របស់ Apple ហើយ​ក៏​លា​ឈប់ និង​បែរ​ទៅ​បង្កើត NeXT ដែល​ជា​​ក្រុមហ៊ុន​ផលិត​កម្មវិធី​កុំព្យូទ័រ។ ក្រោយ​មក នៅ​ឆ្នាំ ១៩៩៦ Apple បាន​ទិញ​យក​ក្រុមហ៊ុន NeXT ដោយ​បាន​នាំ Steve Jobs ទៅ​ Apple វិញ ហើយ​គាត់​បាន​ក្លាយ​ជា​នាយក​ក្រុមហ៊ុន​របស់​ Apple តាំង​ពី​ឆ្នាំ ១៩៩៧ រហូត​ដល់ ២០១១។ នៅ​ឆ្នាំ ១៩៨៦ លោក Steve Jobs បាន​ទិញ​យក​ផ្នែក​បង្កើត​ក្រាហ្វិក​កុំព្យូទ័រ Lucasfilm Ltd ​ដែល​ក្រោយ​មក​បាន​បំបែក​ទៅ​ជា​ Pixar Animation Studios។ កាល​នោះ​លោក​គឺ​ជា​នាយក​ក្រុមហ៊ុន​ និង​គ្រប់គ្រង​លើ​ភាគ​ហ៊ុន​ប្រមាណ ៥០.១% រហូត​ដល់​ឆ្នាំ ២០០៦ ទើប​ក្រុមហ៊ុន​នេះ​ត្រូវ​ក្រុមហ៊ុន The Walt Disney ទិញ​យក។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ក៏​នៅ​តែ​ជា​អ្នក​មាន​ភាគហ៊ុន​ច្រើន​​នៅ​ក្នុង The Walt Disney គឺ​ប្រមាណ ៧% ព្រម​ទាំង​ក្លាយ​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​មួយ​ នេះ​ទៀត​ផង។

ប្រវត្តិ​ការ​ងារ​របស់ Steve Jobs បាន​រួម​ចំណែក​ជា​គំរូ​មួយ​យ៉ាង​ល្អ​សម្រាប់​សហគ្រិន​នៅ​ Silicon Valley ដោយ​លោក​បាន​ផ្តល់​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​រចនា​ និង​បាន​យល់​យ៉ាង​ច្បាស់​ពី​តួនាទី​នៅ​ក្នុង​សង្គម​ទាំង​មូល។

ជីវិត​ផ្ទាល់​ខ្លួន​សង្ខេប

Jobs កើត​នៅ​ San Francisco រដ្ឋ​ California ហើយ​ត្រូវ​បាន​ចិញ្ចឹម​បី​បាច់​ដោយ ​Paul និង Clara Jobs​នៅ​ក្រុង Mount View ដែល​ពេល​នោះ​អ្នក​ទាំង​ពី​ដាក់​ឈ្មោះ​លោកថា Steven Paul។ លោក​បាន​ចូល​រៀន​វិទ្យាល័យ Cuptertino និង Homestead High School ក្នុង​រដ្ឋ​ California។ ក្រោយ​​មក លោក​បាន​បង្រៀន​នៅ​ក្រុមហ៊ុន​ Hewlett-Packard នៅ​ Palo Alto រដ្ឋ​ California ហើយ​ក៏​ត្រូវ​ក្រុមហ៊ុន​នេះ​ជួល​ឲ្យ​បម្រើ​ការងារ​ជា​បុគ្គលិក​នៅ​រដូវ​ ក្ដៅ។ នៅ​ឆ្នាំ ១៩៧២ លោក​បាន​ទទួល​សញ្ញាប័ត្រ​វិទ្យាល័យ និង​ចុះ​ឈ្មោះ​ចូលរៀន​នៅ​មហាវិទ្យាល័យ Reed College នៅ Portland។ បន្ទាប់​ពី​រៀន​បាន​មួយ​ឆមាស​លោក​បាន​បោះបង់​ការ​សិក្សា។ នៅ​ឆ្នាំ ១៩៧៤ លោក​បាន​ត្រឡប់​ទៅ California វិញ និង​ចាប់​ផ្ដើម​ចូលរួម​ក្នុង​ការ​ប្រជុំ​ Homebrew Computer Club ជា​មួយ​លោក Wozniak។

នៅ​ថ្ងៃ​ទី ១៨ ខែ​មិនា​ឆ្នាំ ១៩៩១ លោក Steve Jobs បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​​អ្នក​ស្រី Laurene Powell ដែល​កាល​នោះ​មាន​ការ​ចូល​រួម​ជា​អធិបតីភាព​ពី​លោក​សង្ឃ​សាសនា​ព្រះពុទ្ធ​ មហាយាន Kobun Chino Otogawa។ លោក​មាន​កូន​ប្រុស​ម្នាក់​ និង​កូន​ស្រី​ពីរ​នាក់ តែ​លោក​ក៏​ធ្លាប់​មាន​កូន​ស្រី​ម្នាក់​ជាមួយ​អ្នក​ស្រី Bay Arean ដែរ។

លោក Steve Jobs មាន​ជំនឿ​លើ​សាសនា​ព្រះ​ពុទ្ធ​មហាយាន។

រង្វាន់​​កិត្តិយស​ដែល​លោក​ទទួល​បាន
លោក Steve Jobs បាន​ទទួល​មេដាយ​ the National Medal of Technology ពី​ប្រធានាធិបតី Ronald Reagan នៅ​ឆ្នាំ ១៩៨៤។ នៅ​ឆ្នាំ ១៩៨៧ លោក​បាន​ទទួល​ពាន​រង្វាន់ Jefferson Award for Public Service។ នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០០៧ Steve Jobs ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​មនុស្ស​ដែល​មាន​អំណាច​បំផុត​នៅ​ក្នុង​ ពាណិជ្ជកម្ម​ដោយ​ទស្សនាវដ្ដី Fortune Magazine។ នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ២០០៧ អភិបាល​រដ្ឋ California លោក Arnold Schzwarzenegger និង អ្នក​ស្រី Maria Shriver ​បាន​អញ្ជើញ​ Steve Jobs ចូល​ក្នុង​វិមាន California Hall of Fame ដែល​មាន​ទីតាំង​នៅ​ សារមន្ទីរ​ប្រវត្តិសាស្ត្រ ស្ត្រី និង​វិចិត្រ​សិល្បៈ។

នៅ​ខែ​សីហា ឆ្នាំ ២០០៩ Jobs ត្រូវ​បាន​គេ​ជ្រើសរើស​ជា​សហគ្រិន​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត​ដោយ​យុវវ័យ ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​របស់ ស្ថាប័ន​ស្រាវជ្រាវ​Junior Achievement។ នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ ឆ្នាំ ២០០៩ Jobs ត្រូវ​បាន​ Fortune Magazine ដាក់​ឈ្មោះ​ថា​ជា​នាយក​ក្រុមហ៊ុន​រាប់​ទសវត្សរ៍។ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០០៩ លោក​ក៏​ត្រូវ​​ចាត់​ថ្នាក់​លេខ ៥៧ ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អំណាច​បំផុត​លើ​ពិភពលោក​។

គួរ​បញ្ជាក់​ថា​នៅ​ខែ​សីហា​ឆ្នាំ ២០១១ Steve Jobs បាន​លាលែង​ពី​តំណែង ដោយ​សារ​មូលហេតុ​សុខភាព​ មហារីក​លំពេងនិង​បាន​ផ្ទេរ​តំណែង​ឲ្យ​លោក Tim Cook​ជា​អ្នក​កាន់​តំណែង​បន្ត។

តើ​យុវវ័យ​ចង់​មាន​ជីវិត​អស្ចារ្យ​ដូច​ Steve Jobs ឬ​ទេ?

__________________________________________________

​តើ Steve Jobs មាន​អាថ៌កំបាំង​អ្វី​ខ្លះ?៖

បន្ទាប់ ​ពី​មរណភាព​របស់​លោក​Steve Jobs អតីត​នាយក​ប្រតិបត្តិ​ និង​សហ​ស្ថាបនិក​ពូន​ផ្គុំ​បង្កើត​​ក្រុមហ៊ុន​Apple ក្នុង​វ័យ​ ៥៦ឆ្នាំ កាល​ពីថ្ងៃ​ពុធ​ ទី ០៥ តុលា ​កន្លង​ទៅ ដោយ​រោគ​មហារីក​លំពែង Sabay សូម​វែកញែក​អាថ៌កំបាំង​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​បុរស​ខ្លាំង​រូប​នេះ។

តើ​ព័ត៌មាន​អ្វី​ខ្លះ​ដែល មិត្ត​អ្នក​អាន​មិន​ទាន់​ដឹង​នៅ​ឡើយ​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ ដែល​ដឹក​ច្រមុះ​Apple ដើរ​លើ​ផ្លូវ​គ្មាន​បន្លា និង​ទទួល​បាន​ជោគជ័យ ក៏​ដូចជា​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ? តើ​រឿង​កំបាំង​ទាំង​នោះ​មាន​អ្វី​ខ្លះ?

លោក​Steve Jobs និង​ភរិយានាង Laurene Powell Jobs

កើត​ភ្លាម​ឪពុកម្ដាយ បោះបង់​ចោល៖ Steve Jobs មាន​សញ្ជាត​អាមេរិក ដែល​ចាប់​​​​កំណើត​នៅ​ថ្ងៃ​ទី ២៤ កុម្ភៈ ឆ្នាំ ១៩៥៥ លើ​ដែន​ដី​រដ្ឋ​សាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក។ អាយុ​មិន​បាន​ប៉ុន្មាន​ផង បន្ទាប់​ពី​បើក​ភ្នែក​ឃើញ​ផែនដី​ដ៏​ស្រស់​ត្រកាល​នេះ ទារក​ម្នាក់​នេះ​ត្រូវ​បាន​ឪពុក​ម្ដាយ​បំបរបង់​ចោល។ ទារក​ដដែល​នេះ ត្រូវ​បាន​ប្ដី​ប្រពន្ធ​មួយ​គូ គឺ​នាង​ក្លារា មាន​តំណែង​​​ជា​គណនេយ្យករ និង​លោក​ភូល ចបស៍ មាន​ជំនាញ​​មេកានិច (Clara & Paul Jobs)​ រើស​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា។

បាន​ស្គាល់​ឪពុកម្ដាយ​វិញ៖ រយៈ​កាល​ក្រោយ​មក (ដោយ​ប្រភព​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ច្បាស់​លាស់) Jobs ក៏​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ពិត​របស់​ឪពុក​ម្ដាយ​បង្កើត​របស់​ខ្លួន។ ម្ដាយ​របស់​គេ​គឺ​អ្នក​នាង Joanne Simpson ជា​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​ឪពុក​របស់​គេ​ គឺ​លោកAbdulfattah John Jandali ជា​និកាយ​សាសនា​​មូស្លីម។

ស្គាល់​តែ​មុខ​ម្ដាយ៖ បន្ទាប់​ពី​Jobs មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ម្ដាយ​បង្កើត​(អ្នកនាងSimpson)ដែល​ ​របស់​នៅ​ឆ្ងាយ​ពី​គ្នា​រាប់​ឆ្នាំ​រួច​មក លោក​(Jobs) នៅ​តែ​រស់​នៅ​ឃ្លាត​ឆ្ងាយ​ពី​លោក​ឪពុក​ដដែល ព្រោះAbdulfattah John Jandali បាន​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក តាំង​ពី​អាយុ​ ១៨ឆ្នាំ​មក​ម្ល៉េះ។ បច្ចុប្បន្ន​Abdulfattah John Jandali (ឪពុក​របស់​Steve Jobs) កំពុង​បម្រើ​ការងារ​ក្នុង​កាស៊ីណូ Nevada ដោយ​កាន់​កាប់​មុខតំណែង​ជា​​ អនុប្រធាន​ធំ។

អត់​លុយ​ រៀន​មហាវិទ្យាល័យ​ទេ៖ បុគ្គល​ជោគជ័យ​ភាគ​ច្រើន​ មិន​បាន​រៀន​ចប់​ថ្នាក់​ឧត្ដម​ទេ ជាក់​ស្ដែង​ដូច​លោក​Steve Jobs បន្ទាប់​ពី​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ទីក្រុង​Cupertino រដ្ឋ​កាលីហ្វ័ញ៉ា ជា​កន្លែង​ដែល​Apple គ្រោង​នឹង​សាងសង់​ស្នាក់​ការ​កណ្ដាល​ថ្មី របស់​ខ្លួន បន្ទាប់​ពី​បាន​ចុះ​ឈ្មោះ​ចូល​រៀន​បន្ត​ថ្នាក់​ឧត្ដម​សិក្សា​​នៅ​ សាកលវិទ្យាល័យ​Reed Collegeបាន​មួយ​ឆមាស ដោយ​បញ្ហា ហិរញ្ញវត្ថុ​នៅ​ឆ្នាំ ១៩៧២ ​។

ដេក​ផ្ទាល់​ដី ញ៉ាំ​អាហារ​ម្ដង ៥សេន៖ មាន​ពេល​មួយ លោក​មាន​ឱកាស​ឡើង​ថ្លែង​សន្ទរកថា​ជា​លើក​ដំបូង​នៅ​សាកលវិទ្យាល័យ​Stanford។ នា​ឱកាស​នោះ Jobs ក៏​បាន​រំលឹក​ពី​អនុស្សាវរីយ​​ដែល​លោក​ ស្នាក់​នៅ​សាកលវិទ្យាល័យ​Reed មួយ​ឆមាស​បែប​នេះ​ថា ”ខ្ញុំ​ដេក​ផ្ទាល់​នឹង​​ឥដ្ឋ​ក្នុង​បន្ទប់​មិត្តភ័ក្ដិ​ប៉ុណ្ណោះ ព្រោះ​គ្មាន​គ្រែ​ដេក​ទេ។ សម្រាប់​អាហារ​វិញ ខ្ញុំ​ចំណាយ​តែ ៥សេន​ប៉ុណ្ណោះ​ក្នុង​មួយ​ពេល ព្រោះ​ដោយ​កត្តា​ជីវភាព។”

Steve Jobsកាន់ព្រះពុទ្ធសាសនា៖ លោក​អតីតនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​Apple ដែល​មាន​ស្នាក់​ការ​ធំ​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រកាន់​ខ្ជាប់​សាសនា​ព្រះពុទ្ធ ខណៈ​ដែល​ប្រជា​ជន​អាមេរិក​ភាគច្រើន​គោរព បូជា​សាសនា​គ្រិស។

ចេញ​រក​លុយ៖ ដោយ​មើល​ឃើញ​ពី​សក្ដានុពល​ និង​កេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​របស់​Jobs លើ​ផ្នែក​គណនា គំនិត​ច្នៃ​ប្រឌិត​លើ​បច្ចេកវិទ្យា​ទូរស័ព្ទ​ និង​ការ​បង្កើត​កម្មវិធី​ដោយ​សរសេរ​កូដ ដូច្នេះ​លោក​ក៏​បាន​ អញ្ជើញ​ឲ្យ​ចូល​បម្រើ​ការងារ​ខាង​ផលិត​ហ្គេម នៅ​ឆ្នាំ ១៩៧៥។

Jobs ទទួល​បាន​ទឹកប្រាក់​ចំនួន ៧៥០ដុល្លារ សម្រាប់​ការ​អភិវឌ្ឍន៍​ហ្គេម​មួយ។ ម្យ៉ាង​វិញ​ទៀត​សម្រាប់​សមិទ្ធផល​ដែល​គាត់​អាច​ធ្វើ​បាន ចេញ​លក់​លើ​ទីផ្សារ​ដោយ​គ្មាន​បញ្ហា​Error អ្វី​នោះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម ១០០ដុល្លារ ផ្សេង​ទៀត។

ធ្វើ​ការ​បាន​មួយ​រយៈ Jobs ក៏​បាន​ទៅ​ជួល Wozniak (បុគ្គល​ម្នាក់​ ​ស្ថិត​ក្នុង​បញ្ជី​សហស្ថាបនិក​Apple) ដើម្បី​ជួយ​សម្រួល​ការងារ​នេះ។ Wozniak បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ការងារ​របស់​Jobs រហូត​ដល់​Atari (ក្រុមហ៊ុន​ដែល​គេ​ទាំង​ពីរ​បម្រើការ​ឲ្យ) ផ្ដល់​ប្រាក់​Bonus ចំនួន​៥០០០​ដុល្លារ ផ្សេង​ទៀត​ឲ្យ​Wizniak។ ប៉ុន្តែ​Jobs បាន​កិបកេង​ប្រាក់​រង្វាន់​នេះ ដោយ​ផ្ដល់​ឲ្យ​បុគ្គលិក​របស់​ខ្លួន តែ​ ៣៧៥ដុល្លារ ប៉ុណ្ណោះ។

ប្អូនស្រី​ Jobs ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ៖ ស្ថិត​ក្នុង​ដំណើរ​ស្វែង​រក​ដំណឹង​ឪពុកម្ដាយ​បង្កើត Jobs ក៏​បាន​ជួប​ជាមួយ​បង​ស្រី​បង្កើត​របស់​ខ្លួន(កើត​ថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ ១៩៥៧) គឺ​នាង Mona Simpson ដែល​ជា​អ្នក​និពន្ធ​រឿង «Anywhere But Here» ដ៏​ល្បីល្បាញ​ម្នាក់។
ធ្លាប់​មាន​មិត្ត​ស្រី​ជា​អ្នក​ចម្រៀង៖ យោង ​តាម​សម្ដី​របស់​មិត្តភ័ក្ដិ​របស់​Jobs ដែល​រៀន​ជាមួយ​គ្នា​កាល​នៅ​សាកលវិទ្យាល័យ​Reed បាន​ឲ្យ​ដឹង​ថា Jobs ធ្លាប់​មាន​មិត្ត​ស្រី​ជា​អ្នក​ចម្រៀង​សង់​ទី​ម៉ង់​ម្នាក់​គឺ​នាង Joan Baez ហើយ​ពួក​គេ​​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ណាស់ ព្រោះ​​ទៅ​ណា​មក​ណា ជាមួយ​គ្នា​ញឹកញាប់​ ប៉ុន្តែ​រយៈ​ក្រោយ​មក​ក៏​បែកគ្នា​ទៅ។ ប្រភព​ដដែល​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បែកបាក់​រវាង​គូ​ស្នេហ៍​មួយ​ គូ​នេះ យ៉ាង​ណា​នោះ​ទេ។

មាន​កូនស្រី​ដំបូង ជាមួយ​មិត្តស្រី៖ ឈាន​មក​ដល់​វ័យ ២៣ឆ្នាំ Jobs មាន​ទំនាក់ទំនង​ស្នេហា​​ជាមួយ​​មិត្ត​ស្រី​មាន​ជំនាញ​ជា​ជាង​គំនូរ តាំង​ពី​នៅ​សិក្សា​វិទ្យាល័យ​ជាមួយ​គ្នា​គឺ​នាង Chris Ann Brennan ដោយ​​មិន​បាន​រៀបការ​រហូត​ទទួល​បាន​កូន​ស្រី​ម្នាក់​នៅ​ឆ្នាំ ១៩៧៨ ដែល​លោក​បាន​សម្រេច​ដាក់​​ឈ្មោះ​​​ថា Lisa Brennan Jobs។

កូន​ស្រប​ច្បាប់ 3នាក់៖ នៅ ​ថ្ងៃ​ទី ១៨ មីនា ១៩៩១ Steve Jobs ​បាន​ចាប់​ដៃ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង​Laurene Powell Jobs។ ជា​ចំណង​ស្នេហា​របស់​គូស្នេហ៍ទាំង​ពីរ​នេះ គឺ​ពួក​គេ​ទទួល​បាន​កូន​ចំនួន​បីនាក់​គឺ ប្រុស​ម្នាក់ និង​ស្រី​ពីរ​នាក់។ កូន​ប្រុស​មាន​ឈ្មោះ​ថា Reed ចាប់​កំណើត​នៅ​ខែ កញ្ញា ១៩៩១(បច្ចុប្បន្ន​អាយុ ២០ឆ្នាំ), កូន​ស្រី​បន្ទាប់​គឺ​នាងEvin កើត​នៅ​ខែ សីហា ១៩៩៥(បច្ចប្បន្ន​អាយុ ១៧ឆ្នាំ),  និង​កូន​ស្រី​ពៅ​គឺ​នាង Eve កើត​នៅ​ឆ្នាំ ១៩៩៨(បច្ចុប្បន្ន​អាយុ ១៤ឆ្នាំ) ។

Jobs ធ្លាប់​សេព​គ្រឿងញៀន៖ អ្វី​ដែល​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺ Steve Jobs បាន​សេព​សារធាតុ​ញៀន LSD ក្នុង​ឋានៈ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Apple។ លោក​ក៏​បាន​អះអាង​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​លោក​សេព​សារធាតុ​ញៀន​នេះ​ថា «វា​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ឃើញ​អ្វី​ដែល​ថ្មី ប្លែកៗ» ។

ក្នុង​សៀវភៅ​បទ​សម្ភាសន៍​មួយ​ Jobs បាន​និយាយ​ថា “អាច​ចាត់​ទុក​ថា​ជា​បទពិសោធន៍​មួយ​ក្នុង​ចំណោម​រឿងរ៉ាវ​សំខាន់ៗ​ដែល​កើត​ មាន​ឡើង​សម្រាប់​ជីវិត​របស់​លោក។ សារជាតិ​ញៀន​ដែល​មាន​ក្នុង​LSD បាន​រួម​ចំណែក​ក្នុង​ការ​គិត​អ្វី​ដែល​ថ្មី សម្រាប់​Apple ឈរ​នៅ​លំដាប់​កំពូល។”

អ្នក​តម​សាច់៖ Jobs ជា​បុគ្គល​មួយ​រូប​ដែល​មិន​បរិភោគ​សាច់(លើក​លែង​ត្រី ព្រោះ​ពេល​ខ្លះ​ហូប)។ ធ្វើ​បែប​នេះ​មិន​មែន​ដោយ​សារ​លោក​​ជា​អ្នក​បួស ឬ​ងប់ងុល​នឹង​សាសនា​នោះ​ទេ គឺ​ពេទ្យ​ត​តម្រូវ​ឲ្យ​តម​ក្នុង​ន័យ​ព្យាបាល​ជំងឺ​មហារីក​របស់​លោក។

វះកាត់​ដំបូង​៖ Jobs​ទទួល​បាន​ការ​វះកាត់​ដំបូង​បង្អស់​នៅ​ឆ្នាំ ២០០៤។
ប្រាក់​ប្រចាំ​ឆ្នាំ​របស់​Jobs៖ ប្រាក់​ប្រចាំ​ឆ្នាំ​របស់​Jobs ទទួល​បាន​តែ​មួយ​ដុល្លារ ប៉ុណ្ណោះ។ Jobs ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ឆ្នាំ ២០០៧​ថា «ក្នុង​មួយ​ឆ្នាំ ខ្ញុំ​ទទួល​បាន ៥០សេន សម្រាប់​​គុណសម្បត្តិ​ដែល​ដឹក​នាំ​ឲ្យ​មាន​ភាព​រីក​ចម្រើន ឯ ៥០សេន​​ផ្សេង​ទៀត​បាន​ពី​Performance»។

កាន់កាប់​ភាគហ៊ុន​រាប់​លាន​ហ៊ុន៖ ឈាន​មក​ដល់​ឆ្នាំ ២០១១ Jobs កាន់​កាប់​ភាគហ៊ុន​លើ​ក្រុមហ៊ុន​Apple បាន​សរុប​ទាំង​អស់​ចំនួន 5.5លាន​ភាគហ៊ុន ដែល​ក្នុង​មួយ​ហ៊ុន​មាន​តម្លៃ​ប្រហែល 377.64ដុល្លារ​សហរដ្ឋ​អាមេរិក

យ៉ាង​ណា​មិញ​ ទ្រព្យ​សម្បត្តិ​របស់​Jobs ពុំ​ទាន់​បាន​បែងចែក​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ម្យ៉ាង​វិញ​ទៀត ក៏​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ថា ពេល​បែង​ចែក​ទ្រព្យ​សម្បត្តិ​របស់​ឪពុក តើ​កូន​ក្រៅ​ក្របខណ្ឌ​របស់​លោក​ជាមួយ​មិត្តស្រី កាល​ពី​ឆ្នាំ ១៩៧៨ ឈ្មោះ​នាងLisa Brennan Jobs ទទួល​បាន​ចំណែក​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ៕


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: